តើអ្នកខ្លាចនឹងផ្លាស់ប្ដូរក្ដីស្រម៉ៃដែរឬទេ

ខ្ញុំធ្លាប់ឮបុគ្គលជោគជ័យជាច្រើនណែនាំឱ្យអ្នកស្ដាប់របស់គាត់ប្រកាសប្រាប់មនុស្សជុំវិញខ្លួនពីគោលដៅរបស់ពួកគេ ដោយនិយាយប្រាប់អ្នកស្ដាប់ទាំងនោះថា “កាលណាយើងប្រាប់មនុស្សជុំវិញខ្លួនឱ្យបានដឹងពីគោលដៅ យើងនឹងខំសម្រេចវាដោយមិនបោះបង់” ។ សំណួររបស់ខ្ញុំគឺថា តើយើងពិតជាត្រូវកំណត់គោលដៅក្នុងជីវិត ហើយរក្សាផ្ដាច់ប្ដូរមិនបានបោះបង់ពិតមែនទេ? ពេលខ្ញុំរៀននៅបឋមសិក្សា រាល់ពេលបវេសនកាលលោកគ្រូអ្នកគ្រូតែងសួរនាំសិស្សានុសិស្សថាតើពួកគេចង់ក្លាយជាអ្វីដែលពេលអនាគត។ កាលនោះខ្ញុំមិនដឹងថាខ្ញុំចង់ក្លាយជាអ្វីនោះទេ ព្រោះការងារដែលខ្ញុំស្គាល់មានតែ កសិករ អ្នកលក់ដូរ និងគ្រូបង្រៀនប៉ុណ្ណោះ។ ដោយសារម្ដាយខ្ញុំជាអ្នកលក់ដូរ ឪពុកខ្ញុំជាអ្នកធ្វើស្រែ ខ្ញុំដឹងថាការងារនេះលំបាកហើយទទួលបានប្រាក់ចំណូលតិចតួចណាស់ ទើបរាល់ពេលលោកគ្រូអ្នកគ្រូសួរខ្ញុំថាចង់ក្លាយជាអ្វីនៅថ្ងៃអនាគត ខ្ញុំតែងឆ្លើយថា “គ្រូបង្រៀន” ។ ការពិតគ្មានបញ្ហាអ្វីឡើយចំពោះការងារជាគ្រូបង្រៀន ហើយសិស្សភាគច្រើនក៏ចង់ក្លាយជាគ្រូបង្រៀនដែរ។ ខ្ញុំតែងឱបក្រសោបគ្រូបង្រៀនជាការងារក្នុងក្ដីស្រម៉ៃរបស់ខ្ញុំ រហូតដល់រៀនថ្នាក់អនុវិទ្យាល័យខ្ញុំបានស្គាល់ពីកុំព្យូរទ័រ និងរៀនភាសាបរទេស (ជំនាន់ខ្ញុំកម្មវិធីសិក្សារដ្ឋកម្រិតបឋ...