តើធ្វើដូចម្ដេចទើបដឹងថាយើងអាចចាប់ផ្ដើមដាក់ពាក្យការងារដំបូងបាន?

ឈានដ៏វ័យសិក្សាកម្រិតឧត្តមសិក្សា និស្សិតភាគច្រើនចង់រកការងារធ្វើដើម្បីផ្គត់ផ្គង់ការចំណាយលើការសិក្សា និងការប្រើប្រាស់នានា ទទួលបាទបទពិសោធន៍ និងត្រៀមខ្លួនក្នុងវិថីការងារនាពេលអនាគត។ យោងតាមការទិន្នន័យរបស់ National Center for Education Statistics (សហរដ្ឋអាមេរិក) និស្សិតរៀនផងធ្វើការផងមានរហូតទៅដល់ប្រមាណ ៧៩%។ តើអ្នកស្ថិតនៅក្នុងចំណោមភាគរយដល់ច្រើននេះដែរឬទេ? អ្នកប្រហែលសង្ស័យលើខ្លួនឯងថាតើ ពេលណាអ្នកសក្កិសមនឹងដាក់ពាក្យការងារលើកដំបូង។ អត្ថបទនេះនឹងប្រាប់អ្នកពីជំហានសំខាន់ និងអ្វីដែលអ្នកត្រូវការដើម្បីត្រៀមខ្លួនសម្រាប់ការងារដំបូងរបស់អ្នក។

មានជំនាញមួយចំនួនសមស្របតាមតម្រូវការការងារ

ពិតណាស់យើងត្រូវមានជំនាញមួយចំនួនដើម្បីបំពេញការងារបាន។ ដូច្នេះយើងត្រូវសិក្សាពីសមត្ថភាពខ្លួនឯងថាតើយើងមានជំនាញអ្វីខ្លះ ជំនាញនីមួយៗ យើងធ្វើបានកម្រិតណា?

តាមធម្មតា ដើម្បីមានឱកាសទទួលបានការហៅសម្ពាសច្រើនយើងគួរដាក់ពាក្យតែការងារណាដែលយើងមានទំនុកចិត្តធ្វើវាបានពី៧០% ទៅ ៨០% នៃទំនួលខុសត្រូវការងារនោះ។ ពេលគេជ្រើសរើសបុគ្គលិកមានសម្រង់ភារកិច្ច និងទំនួលខុសត្រូវការងារជាច្រើន ប៉ុន្ដែយើងមិនចាំបាច់មានគ្រប់សព្វដូចការប្រកាសនោះក៏បាន។ សម្រង់ភារកិច្ច និងទំនួលខុសត្រូវនោះគ្រាន់ជាអ្វីដែលអ្នកជ្រើសរើសបុគ្គលិក (បុគ្គលិកធនធានមនុស្ស និងអ្នគ្រប់គ្រងដែលរើសបុគ្គលិក) ចង់បាន ហើយពួកគេក៏ដឹងស្រាប់ហើយថាគ្មានបេក្ខជនរូបណាឥតខ្ចះនោះឡើយ។ ជារួមមក ប្រសិនយើងមានអ្វីដែលគេស្វែងរកភាគច្រើនហើយ ការងារនោះប្រាកដជាសក្កិសមនឹងអ្នក។

អាចបង្ហាញថាអ្នកមានជំនាញទាំងនោះ

ប្រសិនយើងមានជំនាញណាមួយ យើងត្រូវមានអ្វីមាន ឬវិធីណាមួយបង្ហាញថាយើងពិតជាមានជំនាញនោះមែន។ ប្រសិនមិនដូចនេះទេ វាពិបាកណាស់សម្រាប់អ្នកជ្រើសរើសបុគ្គលិកក្នុងការសន្និដ្ឋានសមត្ថភាព និងការផ្ដល់ជូនអត្ថប្រយោជន៍នានា។

ការបង្ហាញជំនាញរបស់យើងមិនស្មុកស្មាញខ្លាំងពេកទេ។ យើងអាចរៀបចំ CV ឱ្យបានល្អទៅតាមការងារដែលយើងចង់ដាក់ពាក្យ។ ក្នុង​ CV ដែលគ្មានបទពិសោធ៍យើងអាចសរសេររៀបពីជំនាញដែលយើងមាន ទាំងជំនាញរឹង ទាំងជំនាញទន់។ អ្នកអាចប្រើប្រាស់សេវាកម្មរៀបចំ CV ជំនាន់ថ្មី ល្អបំផុតនៅកម្ពុជា ProResume ដើម្បីក្លាយជាបេក្ខជនដ៏លេចធ្លោ មានឱកាសខ្ពស់ទទួលបានការសម្ភាសការងារ។ យើងអាចបង្កើតគណនី LinkedIn ដែលជាបណ្ដាញសង្គមអាជីពការងារធំជាងគេ មានវិសាលភាពទូទាំងសកលលោក រួចរៀបចំប្រូហ្វាល់ (Profile) ឱ្យបានល្អជាការបង្ហាញជំនាញមួយរួចទៅហើយ។ នៅក្នុងគណនី LinkedIn យើងអាចប្រឡងយកនិមិត្តកិត្តិយស (Badge) លើជំនាញផ្សេងដូចជា Microsoft Word, PowerPoint, Excel, Access, Outlook, និងជំនាញជាច្រើនទៀតលើសពីកំព្យូទ័រ។ សម្រាប់អ្នកទើបមិនទាន់មានជំនាញកុំព្យូទ័រអាចសិក្សាដោយឥតគិតថ្លៃលើយូធូប (YouTube) TechEd Cambodia

ក្រៅពីការរៀបចំ CV និងគណនី LinkedIn យើងក៏អាចបង្ហាយស្នាដៃការងារ (Project Portfolios) បានផងដែរ។ ប្រសិនយើងមិនមានស្នាដៃការងារពីការងារផ្លូវការទេ យើងអាចបង្ហាញអ្វីដែលយើងធ្វើបែបកំសាន្ដ (Hobbies) និងការងារចម្លងមិនផ្លូវការ (Mockup work) ដែលដាក់បង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ដូចជា Facebook, Instagram, Behance, Freepik, Shutterstock ជាដើម។

អ្វីដែលសំខាន់មួយទៀត យើងគួរមានទំនាក់ទំនងជាមួយមនុស្សដែលអាចជាអ្នកធានា (References) ឱ្យបានច្រើន។​ អ្នកធានា អាចជាមិត្តភក្កិ ក្រុមការងារ សាស្ត្រាចារ្យ អតិថិជន និងអ្នកស្គាល់យើងហើយចាប់អារម្មណ៍សមត្ថភាព និងស្នាដៃការងាររបស់យើង។ យើងអាចសិក្សាតម្រូវការការងារជាមួយពួកគេមុនដាក់ពាក្យដើម្បីផ្ទៀតផ្ទាត់សមត្ថភាពការងារ និងទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត។​

រកឃើញការងារដែលត្រូវនឹងយើង

ពេលចាប់អារម្មណ៍លើការងារណាមួយ យើងត្រូវសិក្សាការងារនោះថាតើវាសក្កិសមនឹងយើងកម្រិតណា។ សិក្សាពីទស្សនវិស័យ និងបេសកកម្មក្រុមហ៊ុន គុណតម្លៃ វប្បធម៌ការងារ បរិយាកាស ការដឹកនាំ និងជាពិសេសឈ្វែងយល់ពីអ្វីដែលសំខាន់សម្រាប់អ្នកពេលចូលបម្រើការនៅទីនោះ។

ក្នុងការពិពណ៌នាការងារអាចមានការបរិយាយពីក្រុមហ៊ុនដែលយើងអាចសិក្សាបាន ហើយប្រសិនមិនមានយើងអាចសិក្សាលើគេហទំព័ររបស់ក្រុមហ៊ុននោះ ប្រព័ន្ធផ្សព្វផ្សាញសង្គម សារព័ត៌មាននានា។ សំខាន់ជាងនេះទៅទៀត យើងត្រូវស្វែងយល់ពីនយោជក ថ្នាក់ដឹកនាំ ក្រុមការងារ ដើម្បីធ្វើឱ្យយើងទទួលព័ត៌គ្រប់ជ្រុងជ្រោយថាការងារនោះពិតជាសក្កិសមនឹងយើងពិតប្រាកដ។

ការគ្រប់គ្រងពេលវេលា

(សម្រាប់ប្អូនៗ និស្សិតដែលកំពុងរៀនផងធ្វើការផង)

ត្រូវប្រាកដថា ពេលធ្វើការងារយើងនៅតែអាចមានពេលគ្រប់គ្រាន់ក្នុងការសិក្សាស្រាវជ្រាវការងារសាសា និងរក្សាបាននូវលទ្ធផលសិក្សាដែលល្អមួយ។ ដើម្បីគ្រប់គ្រងពេលវេលាឱ្យបានល្អយើងត្រូវកំណត់កាលវិភាគរៀនដោយខ្លួនឯង ​ត្រូវការងារក្រុមហ៊ុនដែលមានម៉ោងធ្វើការងារមិនជាន់នឹងម៉ោងរៀន។ ត្រូវឱ្យតម្លៃពេលវេលា និងប្រើប្រាស់ក្រឹតក្រមជាងមុន កំណត់អទិភាពការងារ កាត់បន្ថយការរំខានពីប្រព័នញផ្សព្វផ្សាយ រៀនបដិសេធរឿងដែលយើងគួរបដិសេធ យើងត្រូវទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ដូចជាតាមដានការងារ (Deadline tracking), កំណត់ម៉ោងរោទ៍, បើក Focus mode ឬ Do not disturb លើទូរសព្ទដៃ និងកំុព្យូទ័រ។

មានជំនាញទំនាក់ទំនង

ក្លាហានក្នុងការប្រាស្រ័យជាមួយអ្នកដទៃមិនគ្រប់គ្រាន់ទេ។ យើងត្រូវចេះប្រាស្រ័យទាក់ទង ពោលគឺ ទំនាក់ទំនងដោយពាក្យសម្ដី (Verbal communication) និងទំនាក់ទំនងដោយមិនប្រើពាក្យសម្ដី (Non verbal communication)។ ការពិតការទំនាក់ទំនងជាជំនាញទន់មួយដែរ ហើយមានឥទ្ធិពលខ្លាំងបំផុតមិនថាក្នុងសង្គមការងារក្ដី និងការងាររស់នៅប្រចាំថ្ងៃក្ដី។​​ ជំនាញទំនាក់ទំនងមិនគ្រាន់តែការនិយាយស្ដាប់គ្នាបានទេ យើងគប្បីសិក្សាឱ្យបានច្រើនពីជំនាញទំនាក់ទំនង មុនដាក់ពាក្យធ្វើការងារដំបូងរបស់យើង។

តាមរយៈអត្ថបទនេះ ខ្ញុំសង្ឍឹមថាអ្នកនឹងបានរៀនសូត្រ និងទទួលបានចំណេះដឹង ក៏ដូចជាតម្រុយខ្លះៗ ពីការងារ និងកត្ដាសំខាន់រួមចំណែកកសាងទំនុកចិត្តរបស់អ្នកក្នុងការសម្រេចចិត្តដាក់ពាក្យ និងចាប់ផ្ដើមការងារលើកដំបូង។ ខ្ញុំជឿថា ប្រសិនអ្នកបានសិក្សាតាមការអត្ថបទខាងលើ អ្នកនឹងត្រៀមខ្លួនបានរួចរាល់ទទួលយកការងារលើកដំបូងមិនខានឡើយ។



Comments

អត្ថបទទាក់ទង

របៀបសរសេរប្រវត្តិរូបការងារ Resume

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ