ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ



តើប្រិយមិត្តធ្លាប់ឮពីភាពជាអ្នកដឹកនាំដែរឬទេ? រឿងសំខាន់មួយដែលយើងចំបាច់រៀនវាគឺផលិតភាពការងារ។ នៅពេលដែលអ្នកដឹកនាំ និងអ្នកដែលត្រូវបានគេដឹកនាំយល់ដឹងពីភាពជាអ្នកដឹកនាំផលិតភាពការងាររបស់ពួកគេកាន់តែប្រសើរមួយកម្រិត។ ប៉ុន្ដែមួយរឿងមួយគួរឱ្យចាប់អារម្មណ៍ណា មិនគួរណាគេច្រើនមើលរំលងវាទៅវិញ នោះគឺការដឹងនាំខ្លួនឯង។ ដូចដែលបានលើកឡើងមុននេះ ប្រសិនណាបុគ្គលមានភាពជាអ្នកដឹកនាំនោះគេក៏អាចជំរុញផលិតភាពការងារ​ និងការអភិវឌ្ឍខ្លួនឯងបានដូចគ្នា។

អ្វីជាចំណុចចំបងក្នុងការដឹកនាំខ្លួនឯង?

តាមពិតវាជារឿងសាមញ្ញា គ្រាន់តែអនុវត្តឱ្យបានល្អសម្រាប់មនុស្សជាច្រើន ហើយអ្នកដែលធ្វើបានប្រាកដជាទទួលបានលទ្ធភាពគួរជាទីគាប់ចិត្ត និងជោគជ័យត្រចះត្រចង់។ ចំណុចចំបងនោះ គឺវិន័យ។​ លោកហោ ចាន់រដ្ឋា ជាស្ថាបនិក Rotha Leadership​ និងអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំមួយរូបបានលើកឡើងថា “កុំធ្វើលេងៗ ចង់បានលទ្ធភាពមែនទែន។” ដែលនេះជាខ្លឹមសារទាក់ទងនឹងវិន័យបុគ្គលអាចសម្រេចលទ្ធផលបានល្អ។ សុភាសិតខ្មែរមួយក៏លើកឡើងដូចគ្នានេះដែរ “វិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ។” ដែលលទ្ធផលដែលបានមកពីការសម្រេចកិច្ចបានល្អនេះហើយដែលធ្វើឱ្យយើងមានសេចក្ដីថ្លៃថ្នូរ។

ប្រសិនវិន័យមានគុណតម្លៃដូចនេះ យើងគួរមានវិន័យពិតប្រាកដណាស់? ប៉ុន្ដែតើយើងអាចកសាងវិន័យផ្ទាល់ខ្លួនបានយ៉ាងដូចម្ដេច?

ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកអាចយកសម្រាប់ជាគតិត្រិះរិះពិចារណា៖

1. គោលដៅ៖ កំណត់គោលដៅជាមុនសិនមុនធ្វើអ្វីមួយ នោះអ្នកនឹងមានវិន័យជាងមុន មានទឹកចិត្តសម្រេចវា។​ ប្រសិនគោលដៅមួយដែលធ្វើឱ្យយើងមានអារម្មណ៍អស្ចារ្យ រំភើបជាមួយវាៗនឹងជួយឱ្យអ្នករីករាយក្នុងដំណើរសម្រេចវា និងកម្លាំងចិត្តជំនះឧបសគ្គនានាផងដែរ។ លោក Simon Sinek (ស៊ីមុន ស៊ីនិក) ជាអ្នកនិពន្ធសៀវភៅភាពជាអ្នកដឹកនាំដ៏ល្បីល្បាញមួយរូប ហើយសៀវភៅដែលទទួលបានការគាំទ្រច្រើនមួយរបស់លោកមានឈ្មោះថា Start with why (ចាប់ផ្ដើមជាមួយគោលបំណងច្បាស់លាស់)។ មានពេលនោះគាត់មិនមានអារម្មណ៍ក្នុងការបញ្ចប់សៀវភៅថ្មីមួយរបស់គាត់ ហើយបានសូមយោបល់ពីមិត្តគាត់ថាតើគាត់គួរបន្ដទៀតដោយរបៀបណា គាត់លែងចង់បន្ដធ្វើវា។ ភ្លាមនោះមិត្តភក្កិរបស់គាត់សើចដាក់គាត់ហើយ និយាយលាយឡំសំណើចថា “អ្នកគួរតែអានសៀវរបស់អ្នក Start with why សិនទៅ”! ពួកគាត់សើចជាមួយគ្នារួច Simon Sinek បានតប “ហ្ហា…! យេស យេស ហេតុអ្វីខ្ញុំរកនឹកមិនឃើញសោះ?!! ត្រឡប់មកវិញ មនុស្សគ្រប់គ្នាសុទ្ធតែមានពេលនឿយហត់នឹងធ្វើអ្វីមួយ ប៉ុន្ដែកាលណាអ្នកមានគោលដៅហើយរំលឹកវារឿយៗ វាអាចជួយអ្នកឱ្យត្រឡប់មកបន្ដសម្រេចវាវិញ។

2. ឆ្លុះបញ្ចាំងពីខ្លួនឯងជាប្រចាំ៖ ក្រៅពីអ្នកដទៃ អ្នកខ្លួនឯងក៏ជាកញ្ជក់ដ៏ថ្លាឆ្លុះច្បាស់មួយសម្រាប់ខ្លួនឯងដែរ។ មិនតែប៉ុណ្ណោះ ការឆ្លុះបញ្ជាំងពីខ្លួនឯងអាចឱ្យយើងរៀនសូត្រកែលម្អបានភ្លាមៗ ហើយមិនឈឺចាប់ដូចអ្នកដទៃឆ្លុះឱ្យអ្នកទេ។ អ្នកអាចឆ្លុះបញ្ជាំងខ្លួនឯងពីមួយពេលទៅមួយពេល ពីសកម្មភាពមួយទៅមួយ ដោយរកចំណុចល្អ ចំណុចត្រូវអភិវឌ្ឍ និងចំណុចត្រូវកែប្រែតែម្ដង។ ការឆ្លុះបញ្ចាំងពីខ្លួនឯង ធ្វើឱ្យស្គាល់ខ្លួនឯងបានច្រើនជាងមុន យល់ហេតុផលច្រើនជាមុន ប្រតិកម្មនឹងខ្លួនឯង ស្ថានភាព និងមនុស្សជុំវិញខ្លួនតិចជាងមុន។​ បញ្ហាខ្លះតិចតួចទេ ប៉ុន្ដែដោយសារការប្រតិកម្មរបស់យើងធ្វើឱ្យវា ហើយមិនអាចកំណត់ឫសគល់បញ្ហា រហូតបោះបង់រឿងដែលយើងកំពុងធ្វើ។

3. សេពគប់បុគ្គលមានវ័និយ និងវិជ្ជមាន៖ តើអ្នកជឿថាត្រីមួយកន្ត្រក់ស្អុយមួយស្អុយទាំងអស់ដែរទេ? ការពិតការលើកឡើងនេះអាចត្រូវ និងអាចខុសដូចគ្នា។ ប្រសិនគេយកត្រីស្អុយមួយចេញពីកន្ត្រក់បានលឿន ច្បាស់ណាស់ត្រីផ្សេងទៀតមិនស្អុយតទេ ប៉ុន្ដែប្រសិនផ្ទុយពីនេះ ត្រីទាំងអស់នឹងស្អុយដូចគ្នាដូចការលើកឡើងដូច្នោះដែរ។ ដំបូងឡើយអ្នកត្រូវធ្វើខ្លួនជាបុគ្គលមានវិន័យជាមុនសិន រាប់អានតែបុគ្គលណាដែលមានវិន័យ នោះពួកគេជាកត្ដាដែលរក្សាថាមពលវិជ្ជមានរបស់អ្នកក្នុងការសម្រេចកិច្ចការជាច្រើនក្នុងជីវិតប្រចាំថ្ងៃ។

4. កសាងវិន័យទៅជាទម្លាប់៖ ការពិតវិន័យនិងទម្លាប់មានលក្ខណៈខុសគ្នាមួយចំនួន ប៉ុន្ដែវាច្រើនដើរនៅទន្ទឹមគ្នា ព្រោះរឿងមួយដែលយើងធ្វើវាដដែលៗ វានឹងក្លាយជាទម្លាប់។ តើអ្នកធ្លាប់ឮពាក្យ Reflection? វាមានន័យថាធ្វើអ្វីមួយដោយស្វ័យប្រវត្តិ។ ដូចគ្នានេះដែរ ប្រសិនអនុវត្តរឿងខ្លួនដដែលរហូតដែលវាក្លាយជាទម្លាប់នោះអ្នកលែងមានភាពលំបាកក្នុងការអនុវត្តវិន័យទាំងនោះបន្ដទៀតហើយ។ ដើម្បីកសាងទម្លាប់មួយ ឬលុបទម្លាប់មួយអ្នកប្រហែលចំណេញពេល ២១ថ្លៃតែប៉ុណ្ណោះ។ តើវាលំបាកសម្រាប់អ្នកឬទេ?

ជារួមមក ទម្លាប់ធ្វើរឿងអ្វីមួយ​ឱ្យអស់ពីសមត្ថភាព ទោះបីមិនបានជោគជ័យ ក៏បានលទ្ធផលខ្លះដែរ។ ជួនណាអ្នកអាចមានអារម្មណ៍មិនពេញចិត្តនឹងខ្លួនឯងពេលមិនបានធ្វើវាឱ្យបានល្អពេលដែលហួសពេលហើយ។ ដូចកាលរៀនក្នុងថ្នាក់ដែរ ពេលខ្លះអ្នកគិតថារៀនយកមួយជាប់ រៀនល្មមៗ រៀនធម្មតា មិនប្រឹង ឬមិនរៀនតែម្ដង លុះដល់ចេញលទ្ធផលទើបយល់ថាខ្លួនខុស ហើយបានត្រឹមសោកស្ដាយ។ ដើម្បីកុំឱ្យជួបការសោកស្ដាយច្រើនក្នុងជីវិត ត្រូវកសាងខ្លួនជាមនុស្សមានសមត្ថភាពសម្រេចអ្វីដែលខ្លួនចង់បាន កសាងវិន័យផ្ទាល់ខ្លួន រៀនស្គាល់ខ្លួនឯង ឆ្លុះបញ្ចុះខ្លួនឯងជារឿយៗ និងជ្រើសរើសមនុស្សជុំវិញខ្លួនឱ្យបានល្អ រាប់អានមនុស្សវិជ្ជមាន មានវិន័យ និងបំប្លែលវិន័យទៅជាទម្លាប់ដើម្បីអនុវត្ដវិន័យដោយគ្មានសម្ពាធ។

Comments

អត្ថបទទាក់ទង

របៀបសរសេរប្រវត្តិរូបការងារ Resume

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់