របៀបសរសេរប្រវត្តិរូបការងារ Resume


វាមានសារសំខាន់អ្នកដែលកំពុងស្វែងរកការងារ។ ការរៀបចំប្រវត្តិរូបការងារបានល្អជួយឱ្យមានឱកាសទទួលបានការងារកាន់តែឆាប់រហ័ស។

ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យអ្នកអាចចាប់ផ្តើមទទួលឥទ្ធិពលការងារបន្តិចម្ដងៗហើយ។ អ្នកអាចមានមិត្តភក្តិជាអ្នកធ្វើការផង រៀនផង ហើយមេរៀនដែលអ្នករៀនសុទ្ធតែមានទាក់ទងនឹងការងារ និងធុរកិច្ច។ ម្យ៉ាងទៀតសាស្ត្រាចារ្យខ្លះ គាត់បំពេញការងារក្រុមហ៊ុនឯកជនផង បង្រៀនសិស្សថ្នាក់មហាវិទ្យាល័យផង ដូច្នេះអ្នកប្រាកដជាទទួលឥទ្ធិពលពីការងារមិនខានឡើយ។

ឥទ្ធិពលពីបរិបទសង្គម ជាពិសេសពីមិត្តភក្តិអាចនឹងជំរុញឱ្យអ្នកចង់ចាប់ផ្តើមការងារដែរ ដូច្នេះអ្នកត្រូវមានប្រវត្តិរូបដ៏ល្អមួយដើម្បីស្វែងរកការងារ។ អត្ថបទខាងក្រោមនេះយើងនឹងនិយាយពីការងាររៀបចំ CV/Resume ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើការដាក់ពាក្យស្វែងរកការងារបាន។

លក្ខណៈទូទៅពីប្រវត្តិរូបការងារ

លក្ខណៈខុសគ្នារវាងពាក្យ CURRICULUM VITAE (CV) និងពាក្យ Resume

Resume ជាឯកសារដែលពិពណ៌នាចំណុចសំខាន់អំពីបទពិសោធការងារ ប្រវត្តិការសិក្សា និងជំនាញ អាចមួយ ឬពីរទំព័រតែប៉ុណ្ណោះ។ ចំណែក CV ជាឯកសារមានលក្ខណៈវែង និងលម្អិតដែលពិពណ៌នាពីប្រវត្តិការងារទាំងមូល។ គេប្រើ Resume ក្នុងការស្វែងរកការងារ រីឯ CV សម្រាប់ការសិក្សា។

ចំណុចសំខាន់ៗ ក្នុង Resume ដែលមានលក្ខណៈពេញលេញ

ការរៀបចំប្រវត្តិរូបការងារ អាចមានភាពខុសគ្នាទៅតាមការរចនារបស់បុគ្គលម្នាក់ៗ ប៉ុន្ដែចំណុចសំខាន់មួយចំនួនដែលប្រវត្តិរូបការងារទាំងអស់ត្រូវមានរួមមាន៖

១. ព័ត៌មានផ្ទាល់ខ្លួន (PROFILE)

ព័ត៌មានផ្ទាល់ខ្លួនមានដូចជា រូបថត ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ អាសយដ្ឋានបច្ចុប្បន្ន ទំនាក់ទំនងជាដើម។ ពេលខ្លះអ្នកអាចឃើញគេសរសេរការណែនាំខ្លួនដោយសង្ខេបនៅក្នុងផ្នែកនេះផងដែរ។

២. ប្រវត្តិការងារ

ផ្នែកនេះអ្នកត្រូវសរសេរព័ត៌មានពិស្ដារអំពី មុនតំណែង តួនាទី ទំនួលខុសត្រូវ ភាពជោគជ័យថ្ងៃខែឆ្នាំចូល និងចេញ និងទីតាំងក្រុមហ៊ុន ទីក្រុង ឬតំបន់ច្បាស់លាស់ណាមួយ។ បទពិសោធទាំងនេះ ត្រូវសរសេរតាមការពិតជានិច្ច ព្រោះអ្នកជ្រើសរើសបុគ្គលិកអាចមានទំនាក់ទំនងជាមួយគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។ ប្រសិនបើគេរកឃើញថាអ្នកផ្ដាល់ព័ត៌មានមិនពិត នោះអ្នកនឹងអាចត្រូវបានបដិសេធដោយស្វ័យប្រវត្តិ។ ប៉ុន្ដែដូចដែលអ្វីដែលបានបញ្ជាក់ខាងលើ Resume មានលក្ខណៈខ្លះជា CV ដូច្នេះអ្នកអាចរៀបរាប់តែពីព័ត៌មានដែលអ្នកចង់ឱ្យអ្នកអាន Resume របស់ដឹងទៅបាន ហើយពោលគឺបទពិសោធដែលទាក់ទងនឹងការងារដែលអ្នកកំពុងស្នើ។ ការធ្វើបែបនេះធ្វើឱ្យ Resume របស់អ្នកមានព័ត៌មានខ្លី ហើយអ្នកជ្រើសរើសបុគ្គលិកងាយស្រួលក្នុងការយល់ពីអ្នក និងវាយតម្លៃអ្នកបានលឿន។

៣. ប្រវត្តិការសិក្សា

ក្រៅពីបទពិសោធការងារ ប្រវត្តិការសិក្សាជា សូចនាករសំខាន់មួយដើម្បីវាស់វែង ថាតើបេក្ខជនមានសមត្ថភាពកម្រិតណា តើស្របសមនឹងតម្រូវការទេ តើបេក្ខជនរូបណាសក្តិសមជាងគេជាដើម។ ផ្នែកនេះអ្នកគួរសរសេរពីថ្នាក់ជំនាញឡើងទៅ ជៀសវាងការសរសេរពីព័ត៌មានពីថ្នាក់វិទ្យាល័យនាំចំណាយអត្ថបទច្រើនហើយមិនមានខ្លឹមសារសំខាន់។ អ្នកអាចសរសេរពីមុខជំនាញនៅសាកលវិទ្យាល័យ មុខជំនាញ ឆ្នាំសិក្សា។

៤. ជំនាញបន្ថែម ឬភាសា

ភាសាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការងារនៅពេលបច្ចុប្បន្ន អ្នកគួរសរសេរឱ្យបានច្បាស់ពីសមត្ថភាពភាសារបស់អ្នក។ ប្រសិនបើអ្នកប្រើប្រាស់បានច្រើនគឺកាន់តែល្អ ចូរសរសេរកម្រិតរបស់អ្នកឱ្យបានច្បាស់។ ឧ. និយាយបានពីរភាសា ខ្មែរ និងអង់គ្លេស។ ភាសា ខ្មែរ ជនជាតិដើម (Native/Mother tongue), អង់គ្លេស កម្រិតមធ្យម។ ពេលខ្លះអ្នកអាចឃើញការរៀបរាប់លម្អិតពីកម្រិតនៃការសរសេរ និយាយ ស្ដាប់ អានផងដែរ ព្រោះកម្រិតទាំងនេះអាចមិនដូចគ្នា។

មួយវិញទៀតអ្នកក៏អាចសរសេរពីការសិក្សាក្រៅប្រព័ន្ធរបស់អ្នកបានផងដែរ ប្រសិនបើការសិក្សាទាំងនោះទាក់ទងនឹងការងារ មិនថាវគ្គសិក្សានោះវែង ឬខ្លីឡើយ។ អាចសរសេរឈ្មោះវគ្គសិក្សា ថ្ងៃខែឆ្នាំ ឬឆ្នាំ កន្លែងសិក្សា និងអ្នកធ្វើបទបង្ហាញ ឬស្ថាប័ន។

៥. អ្នកធានា (REFERENCES)

អ្នកធានា អាចជាបុគ្គលដែលអាចដឹងពីអ្នក វាយតម្លៃអ្នកបាន អាចជាមិត្តភក្តិក៏បាន ឱ្យពួកគាត់អាចនិយាយពីបទពិសោធ អត្តចរិតការងារ និងជំនាញរបស់អ្នកបាន។ អ្នកគប្បីជ្រើសរើសអ្នកធានាឱ្យបានត្រឹមត្រូវ ព្រោះថានេះជាផ្នែកសំខាន់មួយក្នុងដំណើរការជ្រើសរើសបុគ្គលិក។ អ្នកអាចនឹងត្រូវសួរពីព័ត៌មានអ្នកគ្រប់គ្រង់អ្នកផ្ទាល់នៅកន្លែងការងារចាស់ប្រសិនប្រើអ្នកមិនបទពិសោធរួចរាល់។ ព័ត៌មានអ្នកធានាតែគួរសរសេរមានដូចជា ឈ្មោះ មុខដំណែង តួនាទី ទំនាក់ទំនងរវាងអ្នក លេខទូរសព្ទ និងអ៊ីម៉ែល។

កំហុសខ្លះពីការសរសេរ RESUME

១. សរសេរលេខទូរសព្ទខុស ឬមិនបានធ្វើបច្ចុប្បន្នភាពលេខទូរសព្ទលើប្រវត្តិរូប

២. សរសេរកម្រិតភាសារបស់ខ្លួនលើសពីការពិត

៣. សរសេរព័ត៌មានមិនពិត ឬបំភ្លើសការពិត

៤. សរសេរមិនគ្រប់គ្រាន់តាមការណែនាំក្នុងសេចក្ដីប្រកាសជ្រើសរើសបុគ្គលិក (ក្នុងករណីខ្លះ អ្នកអាចឃើញក្រុមហ៊ុនមានការណែនាំពីការស្នើការងារ និងរៀបចំ Resume ឱ្យត្រឹមត្រូវតាមលក្ខខណ្ឌរបស់ពួកគេ) ។

Comments

អត្ថបទទាក់ទង

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ