ជីវិត គឺជាដុំថ្ម

ក្នុងថ្នាក់រៀនក្នុងវិទ្យាល័យមួយនៅរាជធានីភ្នំពេញ ខ្ញុំ និងមិត្តរួចថ្នាកទាំងអស់នាំគ្នាសើចដោយហួសចិត្តនឹងចម្លើយរបស់មិត្តម្នាក់ដែលថា “ជីវិត ជាដុំថ្ម”។ ប៉ុន្ដែគ្រប់គ្នាបានស្ងាត់ទៅវិញបន្ទាប់ពីស្ដាប់ការបកស្រាយរបស់គាត់ដូចខាងក្រោម៖

ពេលមួយសាស្ត្រាចារ្យថ្នាក់អភិវឌ្ឍខ្លួន បានចោទសំណួរមកទៅកាន់និស្សិតរបស់ក្នុងថ្នាក់របស់គាត់ថា “តើជីវិត គឺជាអ្វី?” ហើយមិនឱ្យសិស្សឆ្លើយដូចគ្នានោះឡើយ។ ក្រោយនិស្សិតផ្សេងៗ នាំគ្នាឆ្លើយរួចមក និស្សិតចុងក្រោមគេបានឆ្លើយថា “ជីវិត គឺជាដុំថ្ម”។ ទោះបីគ្រប់គ្នាសើចគាត់កងរំពងក្ដី ក៏គាត់នៅតែបន្ដបកស្រាយការយល់ឃើញរបស់គាត់យ៉ាងដូចនេះថា “ខ្ញុំលើកឡើងដូចនេះ ព្រោះថាជីវិតយើងដូចជាដុំថ្មអញ្ចឹង តម្លៃរបស់យើងអាស្រ័យលើទីតាំងដែលយើងស្ថិតនៅ”។ ក្រោយការបកស្រាយនេះ មិត្តរួមថ្នាក់ដែលបានសើចគាត់ទាំងប៉ុន្មាន នាំគ្នាទះដៃអបអរសារទគេដោយក្ដីមោទន។​

តាមពិតទៅមាននិទានអប់រំមួយទាក់ទងនឹងការលើកឡើងរបស់គាត់ ដែលនឹងបង្ហាញតាមរយៈអត្ថបទខាងក្រោម។

ថ្ងៃមួយកូនប្រុសបានសួរទៅកាន់ឳពុករបស់ខ្លួនថា “តើតម្លៃរបស់មនុស្សស្ថិតនៅត្រង់ណា?” ។ ឳពុកបានហុចដុំថ្មមួយដុំឱ្យកូន រួចណែនាំឱ្យកូនប្រុសយកទៅលក់នៅផ្សារ។ កូនប្រុសយកដុំថ្មនោះហើយប្រញាប់យកទៅផ្សារភ្លាម រួចបានជួបអ្នកលក់បន្លែម្នាក់។ អ្នកលក់បន្លែចង់ទិញដុំថ្មនោះដោយឱ្យតម្លៃ ៥០០០រៀល បន្ទាប់មកក្មេងប្រុសបានត្រឡប់មកប្រាប់ឳពុកថា មានគេទិញថ្មដុំនេះក្នុងតម្លៃ ៥០០០រៀល។ ឳពុកញញឹមរួចណែនាំកូនប្រុសឱ្យលក់កន្លែងផ្សេងទៀត។ ក្មេងប្រុសយកដុំថ្មនោះទៅលក់ឱ្យជាងទង (ជាងធ្វើគ្រឿងអលង្កា) ហើយជាងទងឱ្យតម្លៃ ១០០០០០រៀល។ ក្មេងប្រុសត្រឡប់ទៅប្រាប់ឳពុករួចទៅលក់ឱ្យអ្នកផ្សេងទៀត។ ម្ដងនេះគេយកដុំថ្មនោះទៅលក់នៅសារមន្ទីរ ហើយគេភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយនរវិទូ (អ្នកស្រាវជ្រាវការរស់នៅមនុស្សបុរាណ) ឱ្យតម្លៃដុំថ្មនោះ ១០០០០០០០រៀល។ ពេលគេត្រឡប់ទៅជួបឳពុកវិញ ឳពុកនិយាយទៅកាន់កូនថា “កូនឃើញទេដុំពេជ្រមិនទាន់ឆ្នៃមួយដុំ ដែលមនុស្សធម្មតាមើលមិនដឹងហើយឱ្យតម្លៃខុសៗគ្នា។ ជីវិតយើងក៏ដូចគ្នាដែរ ត្រូវកសាងសមត្ថភាព រៀបចំខ្លួនឯង រក្សាសេចក្ដីថ្លៃថ្នូរ មិនថាកូនស្ថិតនៅទីកន្លែងគេមិនឱ្យតម្លៃក៏ដោយ។ កាលណាកូនមានសមត្ថភាព និងកេរ្ដិ៍៍ឈ្មោះល្អ កូនអាចចាប់យកឱកាសថ្មី ឬបង្កើតឱកាសឱ្យឯងដោយមិនចាំបាច់រំពឹងតម្លៃពីនរណាម្នាក់ឡើយ។

ន័យអប់រំក្នុងរឿងនេះចង់ឱ្យអ្នកអានយល់ពីតម្លៃខ្លួនឯង មិនបាក់ទឹកចិត្តនៅពេលអ្នកដទៃមិនឱ្យតម្លៃខ្លួន។ តម្លៃដែលយើងទទួលបានពីអ្នកណាម្នាក់មិនប្រាកដថាវាជាការពិត និងត្រឹមត្រូវសម្រាប់យើងឡើយ។ រៀនរីករាយជាមួយខ្លួនឯង ជ្រើសរើសកន្លែងដែលខ្លួនពេញចិត្ត និងការឱ្យតម្លៃពីមនុស្សជុំវិញ។ អ្វីមួយដែលក្នុងភ្លេចធ្វើនោះគឺ កសាងសមត្ថភាព ធ្វើជាមនុស្សមានសមត្ថភាពពិតប្រាកដ ឱ្យសមនឹងអ្វីដែលយើងចង់បាន ព្រោះយើងទទួលបានអ្វីដែលយើងសកសមមិនមែនអ្វីដែលយើងចង់បាននោះទេ (Frank Sonnenberg) ។


ស្លាក

បញ្ហាជីវិតស្វែងរកខ្លួនឯង

Comments

អត្ថបទទាក់ទង

របៀបសរសេរប្រវត្តិរូបការងារ Resume

ការស្ដារថាមពលក្នុងខ្លួនយើងម្នាក់

ប្រសិនបើធ្វើអ្វីមួយ ត្រូវធ្វើឲ្យអស់ចិត្ដទោះលទ្ធផលបែបណាក៏មានន័យ