នៅក្នុងបាឋកថាមួយ លោក Jim Ronh (ជីម រ៉ន) លោកបានលើកពីគន្លឹះអភិវឌ្ឍខ្លួនត្រង់ចំណុច ជណ្ដើរហិរញ្ញវត្ថុ (Financial Ladder) ថា "អ្នកទទួលបានប្រាក់ឈ្នួលអាស្រ័យលើតម្លៃរបស់អ្នកក្នុងទីផ្សារ ទោះបីជាតម្លៃរបស់អ្នកប្រើប្រាស់ពេលវេលាក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវបានផ្តល់ប្រាក់សម្រាប់ពេលវេលាឡើយ"។
លោកបានលើកឡើងថា មនុស្សម្នាក់អាចរកបាន ៥ដុល្លារក្នុងមួយម៉ោង ដោយសារតម្លៃរបស់គេលើទីផ្សារគឺបានប៉ុណ្ណឹង ខណៈអ្នកខ្លះអាចទទួលបាន ៥០ដុល្លារ ឬ ៥០០ដុល្លារ។ តម្លៃនៃការផ្តល់ឱ្យទាំងនោះជាជណ្ដើរហិរញ្ញវត្ថុ (Financial Ladder) របស់យើងម្នាក់ៗ។ មានន័យថាយើងម្នាក់ៗអាចបង្កើនតម្លៃបាន។ ដូច្នេះសំណួរនៅពេលនេះ គឺ តើយើងត្រូវធ្វើដូចម្ដេចដើម្បីបង្កើនតម្លៃរបស់ខ្លួនបាន?
ពាក្យមួយឃ្លានៅក្នុងបាឋកថានោះដែលលោក Jim Ronh បានសង្កត់ធ្ងន់គឺ ផ្តោតលើខ្លួនឯងឱ្យច្រើនជាងអ្វីអ្នកដែលធ្វើលើការងាររបស់អ្នក (ប្រសិនការប្រែសម្រួលលំអៀងសូមយកតាមន័យដើមភាសាអង់គ្លេស Work hard on yourself than you do on your job.) ។
រឿងសំខាន់ ៣ យ៉ាងដែលអ្នកត្រូវផ្តោតលើខ្លួនឯងជាងការងាររបស់អ្នកនោះគឺ ជំនាញ ភាសា និងបណ្ដាញទំនាក់ទំនង។
ទាំងនេះជាកត្ដា ៣ យ៉ាងដែលជួយឱ្យអ្នកសម្រេចបានរឿង ៣ យ៉ាងសំខាន់ខាងលើ និងផ្លាស់ប្ដូរជីវិតអ្នកឱ្យកាន់តែប្រសើរ។
- រៀនពីបទពិសោធន៍ផ្ទាល់ខ្លួន/Personal Experience
លោក Jim Ronh ជឿជាក់ថាការទទួលបានបទពិសោធន៍គឺមានសារៈសំខាន់សម្រាប់ការលូតលាស់ផ្ទាល់ខ្លួន និងអាជីពការងាររបស់មនុស្សម្នាក់ៗ។ នេះមានន័យថា បុគ្គលម្នាក់ៗត្រូវតែស្វែងរកឱកាសដុសខាត់ខ្លួន និងជួយអ្នកក្នុងការអភិវឌ្ឍជំនាញថ្មីៗ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងធ្វើការក្នុងការងារដែលអ្នកមិនបានប្រើប្រាស់សក្តានុពលរបស់អ្នកឱ្យបានពេញលេញ អ្នកអាចពិចារណាលើការទទួលខុសត្រូវបន្ថែម ការស្ម័គ្រចិត្តសម្រាប់គម្រោងថ្មី ដែលស្របតាមគោលដៅអាជីពរបស់អ្នក។ បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការរៀនសូត្រពីបញ្ហទាំងនោះដើម្បីបន្ថែមតម្លៃរបស់អ្នក ធ្វើឱ្យអ្នកកាន់តែទាក់ទាញចំពោះនិយោជក និងអតិថិជន។ មួយវិញទៀតអ្នកអាចក៏ឆ្លុះបញ្ជាំងសកម្មភាពរបស់អ្នកពីមួយពេលទៅមួយពេល ស្វែងរកចំណុចល្អ ចំណុចខ្លាំង ចំណុចខ្វះខាតដែលត្រូវកែខៃឱ្យបានប្រសើរ។ នៅក្នុងទស្សនៈផ្សេងទៀតដែលខ្ញុំធ្លាប់បានរៀនទាក់ទងចំណុចនេះគឺ PDCA (ផែនការ អនុវត្តន៍ ត្រួតពិនិត្យ សកម្មភាព/Plan-Do-Check-Action) ។
- រៀនពីបទពិសោធន៍អ្នកដទៃ/Other people experience:
នេះអាចរួមបញ្ចូលការបង្ហាត់បង្រៀន ការកសាងបណ្តាញទំនាក់ទំនង ឬគ្រាន់តែសង្កេតមើលអ្នកដែលទទួលបានជោគជ័យក្នុងវិស័យរបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលឈានមុខគេក្នុងអាជីពរបស់ពួកគេ ស្វែងរកដំបូន្មានពីពួកគេអំពីយុទ្ធសាស្ត្រដែលពួកគេបានប្រើ ការដោះស្រាយបញ្ហា និងរបៀបដែលគេជោគជ័យ ឬបរាជ័យ។ ពួកគេអាចចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីជំនាញដែលមានតម្រូវការ បច្ចេកទេសក្នុងការកសាងទំនាក់ទំនងដ៏មានប្រសិទ្ធភាព ឬសារៈសំខាន់នៃការកសាងម៉ាកយីហោផ្ទាល់ខ្លួន (Personal Branding)។
- អានឱ្យច្រើន/Read all the books:
ការអានមានសារសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកមូលដ្ឋានចំណេះដឹងរបស់អ្នក។ គាត់បានណែនាំថា ការអានសៀវភៅជាច្រើនអាចបង្ហាញអ្នកនូវគំនិត យុទ្ធសាស្ត្រ និងទស្សនវិជ្ជាផ្សេងៗ ដែលអាចជួយបង្កើនការយល់ដឹង និងជំនាញរបស់អ្នក។ នេះអាចរាប់បញ្ចូលទាំងសៀវភៅស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ភាពជាសហគ្រិន ការកែលម្អខ្លួនឯង ឬសៀវភៅជំនាញសម្រាប់វិស័យជាក់លាក់។ តាមរយៈការលះបង់ពេលវេលាដើម្បីអាន និងរៀនជាបន្តបន្ទាប់ អ្នកត្រូវកំណត់គោលដៅសម្រាប់ខ្លួនឯងដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរតម្រូវការទីផ្សារ ហើយនៅតែមានប្រៀបក្នុងការប្រកួតប្រជែង។ លោកក៏បានណែនាំសៀវភៅចំនួន ២ក្បាលផងដែរ សៀវភៅទាំងនោះរួមមាន Think and Grow Rich និពន្ធដោយ Napoleon
Hillនិង The Richest Man in Babylon និពន្ធដោយ
George Samuel Clason ។
សរុបមកស្ដាប់ច្រើន អានច្រើន និងអង្កេតច្រើន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ខ្លួន និងអាជីពការងាររបស់បុគ្គលម្នាក់ៗ។ ក្រុមការងារយើងខ្ញុំសង្ឃឹមថាអត្ថបទខ្លីនេះ នឹងអាចក្រើនរំលឹកឱ្យអ្នកអានខិតខំ និងបន្ដអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ។
Comments
Post a Comment